ប្លែកទៀតហើយ!!! ប៉ូលិសថៃម្នាក់ដែលបំពេញការងារល្អ មានប្រជាជនស្រលាញ់ច្រើន ទទួលបានប័ណ្ណសរសើរ

រូបភាពបង្ហាញពីប៉ូលិសថៃម្នាក់ មានមុខមាត់ពេញដោយម្សៅ ពេលកំពុងបំពេញការងារ ត្រូវបានប្រជាជនថៃចែករំលែកជាច្រើនដងនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី។ នៅថ្ងៃទី១៧ ខែមេសានេះ ស្រាប់តែថ្នាក់លើបានផ្ដល់ប័ណ្ណសរសើរមួយសន្លឹក និងថវិកាឧបត្ថម្ភមួយចំនួន ដើម្បីលើកទឹកចិត្ត ក្នុងការបំពេញការងារបានល្អ ធ្វើឱ្យប្រជាជនគោរពស្រលាញ់ច្រើន។មន្រ្តីប៉ូលិសដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង នៅថ្ងៃសង្ក្រាន្តឆ្នាំថ្មីក្នុងប្រទេសថៃនោះ មានឈ្មោះ Thamrathakon បំពេញការងារនៅខេត្ត Lopburi។ ពេលកំពុងបំពេញការងារ មន្រ្តីប៉ូលិសរូបនេះបានបង្ហាញភាពស្និទ្ធស្នាលជាមួយប្រជាជន និងអ្នកទេសចរដែលបានមកសុំប៉ាតម្សៅ ព្រមទាំងនិយាយបែបកំប្លែង បង្កើនភាពសប្បាយរីករាយជូនប្រជាជន ដែលកំពុងសប្បាយអបអរឆ្នាំថ្មី។

ទោះបីជាពេលនេះ ការប្រារព្ធពិធីអបអរឆ្នាំថ្មីបានបញ្ចប់ទៅហើយក្ដី ក៏មនុស្សជាច្រើននៅមានស្នាមញញឹម បន្ទាប់ពីឃើញរូបប៉ូលិសសប្បាយជាមួយប្រជាជន។ នៅពេលដែលប្រជាជននាំគ្នាទៅប៉ាតម្សៅនោះ គឺលោក Thamrathakon កំពុងប្រកូកប្រកាសឱ្យមានការប្រុងប្រយ័ត្ន កុំលេងបន្លំលើនារីៗពេលប៉ាតម្សៅ និងប្រកាសឱ្យប្រយ័ត្នចំពោះរបស់របរនានា ក្រែងមានការលួច ឆក់ជាដើម។បន្ទាប់ពីបានឃើញរូបរបស់លោក ត្រូវចែករំលែកជាច្រើនដងលើបណ្ដាញសង្គម មិត្តភ័ក្ដិបានប្រាប់លោកពីរឿងនេះ។

ប៉ុន្តែលោក Thamrathakon បានឆ្លើយតបយ៉ាងសាមញ្ញថា វាជាកាតព្វកិច្ចរបស់លោក ហើយនៅពេលថ្នាក់លើបញ្ជាឱ្យធ្វើ គឺលោកត្រូវធ្វើឱ្យអស់ពីចិត្ត។ ទោះបែបនេះក្ដី ថ្នាក់លើបានឃើញពីការប្រឹងប្រែងរបស់លោក ក៏សម្រេចផ្ដល់ប័ណ្ណសរសើរ និងប្រាក់រង្វាន់តែម្ដង។លោកបានអរគុណដល់ថ្នាក់លើ មិត្តរួមការងារ និងប្រជាជនទាំងអស់ ដែលបានផ្ដល់កិត្តិយស និងគោរពគ្នាទៅវិញទៅមក អំឡុងពេលសង្ក្រាន្តឆ្នាំថ្មី ដែលជាប្រពៃណីដ៏ផូរផង់របស់ប្រទេសថៃ។ លើសពីនេះ លោកបានសំណូមពរដល់អ្នករួមការងារឯទៀត បន្តសកម្មភាពដ៏ប្រពៃ ដើម្បីភាពរីករាយទាំងអស់គ្នា និងការពារសុវត្ថិភាពជូនប្រជាជនផងដែរ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: