ស្ទើរស្រក់ទឹកភ្នែក!!! ឪពុកពិការភ្នែកទាំងពីរ ម្តាយលក់ដូរ តែអាចបញ្ជូនកូនទៅរៀនចប់មហាវិទ្យាល័យ ដោយជោគជ័យ

ឪពុកម្តាយគ្រប់រូបពិតជាមិនចង់ឃើញកូនលំបាក គ្មានចំណេះដឹងទៅថ្ងៃអនាគតនោះទេ ហេតុដូចនេះពួកគាត់ទាំងពីរនាក់ត្រូវខិតខំប្រឹងប្រែងណាស់ មិនថាការងារនោះមានការលំបាក ជួបឧបសគ្គ ឬត្រូវឆ្លងកាត់ព្យុះភ្លៀងក្ដៅរងាយ៉ាងណាទេ គឺសុទ្ធសឹងចង់ឲ្យកូនល្អប្រសើរ បានរៀនសូត្រក្រេបចំណេះដឹងនឹងគេកុំឲ្យដូចគាត់។ កាលណាគ្មានចំណេះវិជ្ជា ពិតជាធ្វើឲ្យខ្លួនលំបាករស់នៅ ប្រើតែកំលាំងបាយទើបទទួលបានចំណូល។ក្នុងនោះដែរក៏មាននារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ AZu Vanila បានបង្ហាញក្តីស្រលាញ់ទៅកាន់គ្រួសារ ឪពុកម្តាយរបស់ខ្លួន ខណៈឪពុកជាជនពិការ ហើយម្ដាយជាអ្នកលក់ឥវ៉ាន់ដើម្បីយកប្រាក់ទៅឲ្យកូនបានរៀនរហូតចប់ថ្នាក់មហាវិទ្យាល័យថា «វាមិនមែនជារឿងងាយស្រួលទេដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់តែអាចបញ្ជូនខ្ញុំឲ្យមករៀនសូត្រចប់បរិញ្ញាបត្រជាស្ថាពរ។

តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថា រកម្ហូប រកអង្ករខ្លួនឯងទេ ទោះបីជាគាត់លំបាក តែគាត់មិនដែលឲ្យខ្ញុំលំបាកដាច់ខាត។ គាត់ធ្លាប់ក្រលំបាកអីចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ។ មកដល់ទីនេះបានក៏មិនមែនជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀតស្ទះក៏ស្ទះក្តៅក៏ក្តៅឃ្លានក៏ឃ្លានដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង១គីឡូដី ចាំក៏យូរតែគាត់នៅតែចង់មកឃើញខ្ញុំនៅថ្ងៃនេះឈរក្នុងនាមជាកូនស្រីគាត់ស្អាតហើយឆ្លាតទៀត។សុំទោសហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាងមួយជីវិតនេះកូនសងមិនអស់ទេ។»

ក្រោយពីបានអានសារដ៏មានន័យប្រកបដោយការដឹងគុណនេះរួចមក ធ្វើឲ្យមនុស្សជាច្រើនកោតសរសើរចំពោះនាងជាខ្លាំង ដោយសារតែនាងជាមនុស្សល្អដែលខិតខំរៀនសូត្រដើរតាមគន្លងធម៌ រហូតសម្រេចបំណងរបស់ឪពុកម្តាយ។បើនិយាយពីមនុស្សមួយចំនួនវិញ ឪពុកម្ដាយខំធ្វើគ្រប់យ៉ាងដើម្បីឲ្យកូនបានរៀន តែបែរជាមករៀនគេចសាលា បោះបង់ការសិក្សា ប្រព្រឹត្តអបាយមុខផ្សេងៗ ធ្វើឲ្យពួកគាត់គ្រាំចិត្ត ខ្មាសញាតិស្ទើរធ្លាយទ្រូង។ ក្តីសង្ឃឹមតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបនោះ គឺចង់ឲ្យកូនខ្លួនមានចំណេះដឹងអាចយកចំណេះទៅប្រើក្នុងផ្លូវត្រូវ ដើម្បីឲ្យជីវិតមានសេចក្តីសុខ សុភមង្គលជៀសផុតពីភាពក្រីក្រ ហើយដឹងគុណឪពុកម្តាយវិញ គឺគាត់អស់ចិត្តហើយ។ គួរបញ្ជាក់ថា ឪពុករូបនេះក្លាយជាជនពិការដោយសារទឹកអាស៊ីដ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: