មិនធម្មតា!!! ក្រោយពីឃើញតេជគុណតាក់ ស៊ី ទើបបួស ហើយសម្តែងធម៌ទេសនាលាយឡំកំប្លែងនោះ អតីតអ្នកធ្លាប់បួសរៀនម្នាក់ បានសរសេរលិខិតបើកចំហប្រគេនចំពោះ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រោយលេចចេញវីដេអូតាមរយៈបណ្តាញសង្គមហ្វេសបុក ស្តីពីអតីតតារាកំប្លែង បច្ចុប្បន្នសាងផ្នួសបួសជាព្រះសង្ឃ ព្រះតេជគុណ តាក់ស៊ី បានសម្តែងធម៌ទេសនាក្រោយពីបួសបានប៉ុន្មានថ្ងៃក្នុងកម្មវិធីបុណ្យមួយ ក្នុងនោះផងដែរការទេសនាលើកដំបូង ក៏បានបង្កប់នូវសម្តីកាយវិការពាក្យសម្តីកំប្លុកកំប្លែង បានធ្វើឲ្យយាយតា និងអ្នកចូលរួមសើចសប្បាយ ។ ទាក់ទងនឹងរឿងនេះ ដោយឃើញសកម្មភាពបែបនេះ បានធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Sothea Yon» ដែលជាអតីតអ្នកធ្លាប់បួសរៀនម្នាក់ បានសរសេរលិខិតបើកចំហប្រគេនចំពោះ ព្រះតេជគុណ តាក់ស៊ី ដោយមានខ្លឹមសារដូចខាងក្រោម៖ ព្រះតេជគុណតាក់_ស៊ី ជាទីគោរព និងសទ្ធា ចេតនារម្មណ៍របស់ព្រះតេជគុណបួស ដើម្បីសិក្សាត្រៃសិក្ខា ដើម្បីកាត់បន្ថយទឹកនោមផ្អែម និងជំងឺផ្សេងទៀតដែលកំពុងបៀតបៀម។ បុគ្គលណាបានសិក្សានិងបដិបត្តិធម៌, ធម៌រមែងថែរក្សាបុគ្គលនោះ។

 

ជំងឺទាំងឡាយណា មានកិលេសដែលត្រាំក្នុងខន្ធសន្តានជាដើមនឹងខ្សោះទៅម្តងបន្តិច ៗ ហើយជំងឺផ្លូវកាយក៏នឹងបានជាប្រសើរផងដែរ។ ធម៌របស់ព្រះពុទ្ធជាម្ចាស់ហៅថាធម្មោសថ។ ព្រះតេជគុណ សូមព្រះមេត្តាចំណាយពេលយកចិត្តទុកដាក់សិក្សា និងបដិបត្តិត្រៃសិក្ខាឲ្យបានទៀងទាត់យ៉ាងមានសទ្ធាជឿជាក់និងទុកចិត្ត, សូមព្រះមេត្តាកុំទាន់មកប្រោសញាតិញោមដោយការសម្តែងធម៌ ក្នុងខណៈពេលដែលការបដិបត្តិ និងការសិក្សានៅទន់ជ្រាយនៅឡើយ។ ព្រះតេជគុណដឹងទេ បុគ្គលមួយចំនួនកំពុងដណ្តើមប្រជាប្រិយ និងខ្ចីដៃព្រះអង្គ ដើម្បីលាភក្នុងអាមិសទាន។

សូមព្រះតេជគុណចាំថា ព្រះអង្គលះបង់ការងារ មិត្តភ័ក្ត្រ និងប្រពន្ធកូន ដើម្បីស្វែងរកព្រះសទ្ធម្ម, សូមសេពគប់កល្យាណមិត្តជាបណ្ឌិត។ សូមព្រះតេជគុណចំណាយពេលដើម្បីព្យាបាលជំងឺទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈធម្មោសថដោយមានត្រៃសិក្ខាជាគោលបដិបត្តិ, ព្រះតេជគុណនឹងបានជាសះស្បើយជាមិនខាន។ ក្រាបនមស្សការដោយក្តីគោរពនិងសទ្ធា។ #ត្រៃសិក្ខា #ធម្មោសថ។ ត្រៃសិក្ខា មានបីគឺ #សីល #សមាធិ #បញ្ញា៕

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: